DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

30 កញ្ញា 2014

អ្នកឃុំស្រែចែង​ទទួល​បានអគារ​សិក្សា​៣ខ្នង ពីសប្បុរសជន​នៃប្រទេស​ជប៉ុន​តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា

     តាមរយៈស្ថានទូត​​ជប៉ុន​​ប្រចាំ​កម្ពុជា ប្រជាពលរដ្ឋ និងសិស្សា​នុសិស្ស​នៃអនុ វិទ្យាល័យ​​ទួលផ្ចឹក ក្នុងឃុំស្រែ​ចែង ស្រុកជុំគិរី ​ខេត្តកំពត​មានកិត្តិយស​ដ៏ថ្លៃថ្លា​ដែលបាន​ទទួលអគារ  សិក្សាចំនួន៣ខ្នង ស្មើនឹង​១១បន្ទប់​ដែលជា​អំណោយ​របស់​សប្បុរស​ជនមកពី​ប្រទេស​ជប៉ុន​តាមរយៈ​អង្គការ ASAC។ នេះជាកិច្ច​ឆ្លើយតប​ចំពោះការ​ខ្វះខាត​សម្រាប់​សហគមន៍ ក៏ដូចជា​សិស្សានុ​សិស្សជុំ វិញការ​សិក្សា​ដើម្បីក្រេបយក​ចំណេះដឹង​ដែលបាន​ជួបការ​លំបាក​ជាយូរមក​ហើយ។ សមិទ្ធផលកើត ឡើងពី​អំណោយ​​សប្បុរស​ធម៌​​នេះបាន​​លេចចេញ​​ជារូបរាង​​ពេញ​លេញ និងឈាន​ដល់​ដំណាក់កាល សម្ពោធ​​ដាក់ឱ្យ​​ប្រើប្រាស់​​ជាផ្លូវការ​​នៅព្រឹកថ្ងៃ​​ទី៣០ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោមការ​អញ្ជើញ​ចូល​រួមពី សំណាក់ ឯកឧត្តម វ៉ាដា តាកាយូគិ លេខាទី២​ស្ថានទូត​ជប៉ុន​ប្រចាំកម្ពុជា និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈ​អភិបាល​ខេត្តកំពត ជាគណៈអធិបតី។

          រាយការណ៍ឱ្យដឹងក្នុងពិធីសម្ពោធនេះ លោក ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុក​ជុំគិរី​បាន​រៀប​រាប់​ថា​អនុវិទ្យាល័យទួលផ្ចឹកស្ថិតក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ជាសាលា​មួយ​ដែល​មាន​ការលំបាកជាង​គេក្នុង​រយៈពេល​៣ឆ្នាំ​ចុងក្រោយ​នេះ​ព្រោះអនុវិទ្យាល័យ​នេះពុំ​មានអគារ​សិក្សា​សោះ ដោយ កន្លងមកបានខ្ចីអគាររបស់សាលាបឋមសិក្សាដើម្បីបង្រៀន និងរៀនបណ្តោះអាសន្ន។ ថ្ងៃនេះយើង មានមោទនភាព​ជាពន់ពេក​ដោយប្រជាពលរដ្ឋ​សហគមន៍​បានទទួល​នូវអគារ​២ខ្នង មាន​៨បន្ទប់ បំពាក់  គ្រឿងសង្ហារឹម​គ្រប់គ្រាន់ ព្រមទាំង​បង្គន់អនាម័យ​២បន្ទប់ សម្រាប់អនុវិទ្យាល័យ និង​បង្គន់​អនាម័យ​២ បន្ទប់ រួមជាមួយការជួសជុល​អគារចាស់​១ខ្នង ស្មើនឹង៣បន្ទប់ ចំពោះ​ផ្នែក​បឋមសិក្សា​ដែលជា​អំណោយ របស់សប្បុរសជននៃប្រទេសជប៉ុនតាមរយៈអង្គការ ASAC។

          ថ្លែងសុន្ទរកថាក្នុងឱកាសនេះ ឯកឧត្តម វ៉ាដា តាកាយូគិ លេខាទី២​ផ្នែក​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងជំនួយ​អភិវឌ្ឍន៍​ផ្លូវការនៃស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា​បាន​មាន​ប្រសាសន៍​ថា កិច្ចធានា​នូវ​ទំនួល​បានការ​អប់​រំកម្រិត​បឋមសិក្សា​ជាគោលដៅ​ចម្បង​មួយនា​ពេល​បច្ចុប្បន្ន​របស់រាជរដ្ឋាភិបាលកម្ពុជា។ បញ្ហានេះ ក្នុងនាមស្ថានទូតជប៉ុន ឯកឧត្តម​សូមកោត​សរសើរ​ចំពោះការ​ប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កែលម្អ​វិស័យអប់រំ។ ដោយទទួលស្គាល់ពី សារសំខាន់នៃការអប់រំជាមូលដ្ឋានដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ធនធានមនុស្សនោះ រដ្ឋាភិ​បាលជប៉ុនបាន និងកំពុង​បន្តផ្តល់​ជំនួយ​ឧបត្ថម្ភ​របស់ខ្លួន បំណងគាំទ្រដល់​កិច្ចខិតខំ​របស់កម្ពុជា តាមរយៈ ការជួយ​សាងសង់​សាលារៀន ក៏ដូចជា​បណ្តុះបណ្តាល​គ្រូបង្រៀន​តាំងពី​អំឡុងឆ្នាំ​១៩៩០ មកម្ល៉េះ។

          ណែនាំ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត​បានមាន​ប្រសាសន៍ថា​បន្ទាប់ពីទទួល​បាននូ​វ​សមិទ្ធ​ផល​​​ដ៏ថ្ងៃថ្លា នេះហើយ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ទាំងអស់​ត្រូ​វ​ចូល​រួម​ថែរក្សាឱ្យ បានគងវង្សសម្រាប់ប្រើប្រាស់យូរអង្វែង ពិសេសក្មួយៗ​ត្រូវខិត​ខំរៀន​សូត្រ​ឱ្យក្លាយ​ខ្លួនជា​សិស្សពូកែ ដើម្បីឆ្លើយ​តបទៅនឹង​គោលបំណង​របស់ម្ចាស់​អំណោយ​ដែលមាន​ចិត្តជ្រះថ្លា​មកលើ​យើង​គ្រប់គ្នា៕

Latest News

Social News

Statistics

You are visitor no. 334,176
since 18.10.2011