DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

15 កក្កដា 2014

អបអរទិវាដីសើម​ពិភពលោក​ឆ្នាំ២០១៤

          ក្រសួងបរិស្ថាន​សហការ​ជាមួយ​អង្គការ​នានា និងគ្រឹះស្ថាន​ដៃគូមួយ​ចំនួនទៀត កាលពីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំ​​ប្រារព្ធ​ពិធីមិទ្ទីងថ្នាក់​​ជាតិអបអរទិវាដីសើម​ពិភពលោក​ថ្ងៃ២ ខែកុម្ភៈ នៅបរិវេណ​នៃ​វិទ្យាល័យ​ព្រះនរោត្តមរណឫទ្ធិ ក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតដែល មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សិស្សានុសិស្ស និស្សិត និងមន្ត្រី​រាជការ​ជាច្រើន​កុះករ។

          ថ្លែង​​សុន្ទរកថា​ស្វាគមន៍​សម្រាប់​ពិធីនេះ លោក ស៊ឹម វុទ្ធា នាយករដ្ឋបាល​សាលាខេត្ត​កំពត បាន​មានប្រសាសន៍​ថា​ក្នុង​នាម​ថ្នាក់ដឹក​នាំ​ខេត្តកំពត​លោក​មានសេចក្តី​រីករាយ​ជាពន់ពេក​​ដោយ ឃើញ​មាន​ការ​យកចិត្ត​ទុកដាក់​​ជួយគាំទ្រ​ពីអង្គការ​សង្គម​ស៊ីវិល ស្ថាប័ននានា ព្រមទាំង​សាធារណ ជន​ទូទៅ​ចំពោះ​កិច្ច​ចូលរួមចំណែក​ក្នុង​ការការពារ​ និងថែរក្សា​តំបន់ឆ្នេរ ជាពិសេស​តំបន់​ដីសើមក្នុង ខេត្ត​កំពត​នេះ​តែម្តង។ គ្រប់គ្នាពិត​ជា​បានដឹង​ហើយ​ថាតំបន់ដី​សើម​មានតម្លៃ និងតួនាទីដ៏សំខាន់ ដែល​មិន​អាច​កាត់​ថ្លៃ​បាន ជាជម្រកសត្វ រុក្ខជាតិ ប្រព័ន្ធចំណីអាហារសម្រាប់ទ្រទ្រង់ជីវភាពពលរដ្ឋ រហូត​ដល់រក្សា​លំនឹង​បរិស្ថាន។ និរន្តរភាព​តំបន់ដី​សើមពុំ​មែនជា​ការទទួលខុសត្រូវ​របស់ស្ថាប័ន ឯករាជ្យ​ណា​មួយទេ តែផ្ទុយ​ទៅវិញ​គឺ​ជាការទទួល​​បន្ទុក​​រួមដោយ​​ចាំបាច់​​​ត្រូវចូលរួម​​ថែរក្សា និងការ ពារប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ដីសើម​កុំឱ្យ​បាត់បង់ មិនថាឡើយស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ផ្នែក ឯកជន ព្រមទាំងស្ថាប័នអប់រំ ជា​ពិសេស​សហគមន៍​មូលដ្ឋាន​ដែល​ប្រើប្រាស់ និងពឹងផ្អែកផ្ទាល់នូវ ធនធាន​ដែលបាន​មកពី​តំបន់​ដី​សើម​ទាំងនោះ។

          ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប៉ុន សារឿន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍ ថា រាជរដ្ឋាភិបាល​បានចាត់​ទុក​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ បរិស្ថាន និងកសិកម្ម​ជាអាទិភាព​មួយ ក្នុង​ការអនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍។ ឆ្នេរសមុទ្រ វាលអាងទន្លេ មាត់ស្ទឹង ត្រពាំង បឹងបួរ ជាតំបន់ ដី​សើម​ដែលមានសក្តានុពលសម្រាប់វិស័យកសិកម្ម។ ផ្នែកខ្លះនៃពិភពលោក ការដកហូតប្រភពទឹកពី​តំបន់​ដីសើមត្រូវបានធ្វើហួសកម្រិតទៅហើយ ខណៈដែលបរិមាណប្រជាជនបានកើនឡើង និង តម្រូវ​ការដីធ្វើកសិកម្មកាន់តែ​មាន​ទំហំ​ធំធេង។ មិនតែប៉ុណ្ណោះ តំបន់ដីសើម​បានទទួល​រងពី​ការគំរាម​​បន្ថែម​ទៀត​​ដោយ​​​សកម្មភាព​​ផ្សេងៗ​​របស់មនុស្ស ដូចជា ការកាប់ទន្ទ្រានព្រៃឈើ និងព្រៃ លិច​ទឹក​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ ការរុករកអុស អាជីវកម្មឡធ្យូង ការប្រើជីគីមី​ និងថ្នាំសម្លាប់សត្វល្អិត ការបញ្ចេញ​ចោល​នូវ​កាក​សំណល់​រឹង រាវបណ្តាលឱ្យប៉ះពាល់ដ៏ខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីដែល នេះជាកត្តា​គំរាម​កំហែង​ជាក់​ស្តែង​បាន និងកំពុងកើតឡើងចំពោះតំបន់ដីសើម។ ប្រឈមនឹង បញ្ហាទាំងនោះ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៥ ក្រោមការ​ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូច​ជា​បណ្តា​ប្រទេស​​ផ្សេងៗ​​លើ​ពិភពលោក​បានយក​ចិត្តទុ​កដាក់ រិះរកគ្រប់ មធ្យោបាយក្នុងការការពារ ថែរក្សា ព្រម​ទាំង​គ្រប់គ្រងតំបន់ដីសើមប្រកបដោយនិរន្តរភាព៕

Latest News

Social News

Statistics

You are visitor no. 365,029
since 18.10.2011