DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

25 មិថុនា 2014

ឯកឧត្តមខូយ ឃុនហ៊ួរ ផ្តល់ប័ណ្ណដីធ្លីជូនពលរដ្ឋ​ឃុំកណ្តោល

     កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាល ខេត្ត និងជា​ប្រធានគណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត​បានចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ភ្នំតូច និងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ចំនួន ១.២៦៣គ្រួសារ។ ពិធីនេះប្រព្រឹត្ត​​ឡើងក្នុងបរិវេណវត្ត​ដំណាក់ត្រាច​នៃភូមិដំណាក់ត្រាច ឃុំកណ្តោល ដែលជាការ​ផ្តល់ជូន​លើកទី​៨​ចំពោះ​ពលរដ្ឋ​ស្រុកទឹកឈូ និងជាលើកទី៣៧ សម្រាប់អ្​នកខេត្តកំពត។ លោកអ៊ុក ឡាយ ​អភិបាល​នៃគណៈអភិបាលស្រុក​ទឹកឈូ​បាន​រាយការណ៍​ឱ្យដឹងថា ថ្ងៃនេះ ជាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋមកពីភូមិភ្នំតូច និងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុក ទឹកឈូ​ចំនួន១.២៦៣​គ្រួសារ​ដែលបាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​២.១៧១ក្បាល​ដីពី​រាជរដ្ឋាភិបាល​​កម្ពុជា ប្រគល់ជូន​​ដោយ​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មា​ធិការ​គ្រប់គ្រងដីរដ្ឋ​ខេត្តកំពត​ដើម្បី​កាន់កាប់​ស្របច្បាប់​លើទំហំដី​២.៨៦៨,៣៧៤៦​ហិកតា​។ សម្រាប់ ស្រុកទឹកឈូ​នេះជាលើកទី៨​ហើយដែលពលរដ្ឋ​បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី​ដោយ​៧លើក​កន្លង​មក ផ្តល់ជូន៦.៥១៦​គ្រួសារមក​ពី​៩ឃុំ ស្មើនឹង២៥ភូមិ ចំនួន១១.៥៩៨ក្បាលដី ស្មើនឹង​១២.១៦២ហិកតា។

     សំណេះ​សំណាល​ក្នុងឱកាស​នេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្ត​កំពត បានមានប្រសាសន៍ថា ចាប់ពីចុងខែមិថុនា ឆ្នាំ​២០១២​​មក រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​យុទ្ធនា​ការ​អនុវត្តន៍​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​​​ដីធ្លី។ ដោយឡែក​សម្រាប់ខេត្តកំពត​ដែល​បាន​អនុវត្ត ចុះវាស់វែង​ដីធ្លីជូន​ប្រជាពល​រដ្ឋ ដើម្បី កាន់កាប់ជាកម្មសិទ្ធិចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ សំដៅលើមុខសញ្ញាដីបីប្រភេទ រួមមានដី រដ្ឋក្នុងសម្បទានដីសេដ្ឋកិច្ច ដីរដ្ឋក្នុងសម្បទានព្រៃឈើ និងដីរដ្ឋដែលត្រូវបានកាន់កាប់ដោយមានដី កាដកហូត។ ថ្ងៃនេះជាលើកទី៣៧ហើយដែលរាជរដ្ឋាភិបាលបានប្រគល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូន ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតដោយលើកដំបូងផ្តល់ជូនផ្ទាល់ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ នៅឃុំល្បើក ស្រុកឈូក។ ឯកឧត្តម បញ្ជាក់ថា ការ​​ប្រគល់​ជូនទាំង៣៦លើក​កន្លងមក​បាន​ធ្វើឱ្យ ប្រជាពលរដ្ឋ​២៦.២៣៣គ្រួសារ​មកពីភូមិចំនួន​៩៣ក្នុង​ឃុំចំនួន​២៩​មានសិទ្ធិ​គ្រប់គ្រង ដោយ​ស្របច្បាប់​លើ​ចំនួន​៤៥.៧៥៨​ក្បាលដី ស្មើនឹង៤២.៤៥៦ហិកតា។ ជាការចង់​បាននូវ​កិច្ច​តប​ស្នង​ចំពោះ រាជរដ្ឋាភិបាល​​វិញ​​ពាក់ព័ន្ធ​​ការផ្តល់កម្មសិទ្ធិ​ស្របច្បាប់​នេះគ្មាន​អ្វីក្រៅពី​ទទូច​ឱ្យ​បងប្អូន​យក​ចិត្ត​ទុក ដាក់ថែរក្សា និងប្រើប្រាស់ដីធ្លីប្រកបដោយសុចរឹតភាព ព្រមទាំង​ជាប្រយោជន៍​ផ្ទាល់​ខ្លួន​សម្រាប់ រយៈពេល​យូរ​អង្វែង​នោះឡើយ៕

Latest News

Social News

Statistics

You are visitor no. 334,104
since 18.10.2011