DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

24 មករា 2014

ឯកឧត្តមហ៊ុន ម៉ានី ចុះជួបកងទ័ព​នឹងក្រុមគ្រួសារកងទ័ព

ក្នុងនាមតំណាងឱ្យ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន កាលពី​រសៀលថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០១៤ ឯកឧត្តម ហ៊ុន ម៉ានី បាន​អញ្ជើញ ចុះសួរសុខទុក្ខ ព្រមទាំងនាំយក​អំណោយ​ចែកជូនកងទ័ព និងក្រុម​គ្រួសារ​កងទ័ព​នៅ​ទី​បញ្ជាការវរៈ សេនាតូចលេខ៣០២ មានមូលដ្ឋាននៅស្រុកកំពង់ត្រាច ខេត្តកំពត។ អមដំណើរ​ក្នុង​ឱកាស​នេះរួម​មាន ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ឯក គីម ប៊ុនថា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគ៣ និងប្រតិភូមួយចំនួនទៀត។

          បន្ទាប់ពីស្តាប់​របាយការណ៍​របស់​លោកឧត្តម​សេនីយ៍ត្រី អ៊ុង វណ្ណរិទ្ធ មេបញ្ជាការ​តំបន់​ប្រតិបត្តិការសឹករងកំពតរួចមក ក្នុងនាម សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាមាតាបិតា ឯកឧត្តម ហ៊ុន ម៉ានី បាននាំយក​បណ្តាំ​សាកសួរ​សុខ​ទុក្ខ​របស់​សម្តេចទាំង ពីរជូនចំពោះកងទ័ព និងក្រុមគ្រួសារ​កងទ័ពទាំងអស់​ដែលមាន​វ​ត្តមាន​នៅ​ចំពោះមុខ។ ឯកឧត្តម បាន មានប្រសាសន៍ថា​ក្នុងនាមជា​កូនអតីតយុទ្ធជន​ដែលធ្លាប់ឆ្លង​កាត់ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ចំនួន​១០៥ លើក ឯកឧត្តមយល់ច្បាស់ណាស់នូវសេចក្តីសុខទុក្ខរបស់កងទ័ព និងការរស់​នៅ​ក្នុងភាពតស៊ូរបស់ ក្រុមគ្រួសារដោយមានប្តី ឳពុកស្ម័គ្រ​បូជា​គ្រប់​បែប​យ៉ាង ដើម្បីជាតិមាតុភូមិ។ ឯកឧត្តម ហ៊ុន ម៉ានី បន្ត ថាមុននឹង​ចេញ​ដំណើរ​មក​ជួបលោកពូ អ្នកមីងនៅទីនេះ អ្នកម៉ាក់បាន​គិតគូរ​បំផុតនូវ​បញ្ហា​អាកាស ធាតុដែលកំពុង​ចុះត្រជាក់ខ្លាំង ដូច្នេះចាំបាច់​ត្រូវតែ​មាន​បញ្ញើ​ជា​អាវ​រងា។ ម្ល៉ោះហើយ ឯកឧត្តម ត្រូវ តែបំពេញ​បំណង​របស់អ្នកម៉ាក់​ដែលធ្លាប់​ជាភរិយា​របស់អតីត​យុទ្ធជន ដោយនាំមកជាមួយនូវអាវរងា សម្រាប់ចែកជូនពូៗទាំងអស់ បន្ថែមពី​លើអំណោយ​ជាម្ហូប​​អាហារ សម្ភារៈប្រើប្រាស់មួយចំនួនដល់ ក្រុមគ្រួសារនោះ។

          ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានចែកជូនដល់ក្រុមគ្រួសារ​កងទ័ព​ចំនួន​២៧៦គ្រួសារ ដោយមួយគ្រួសារៗ​ទទួលបាន​អង្ករ​ទម្ងន់​៣០​គីឡូក្រាម មីយើង១កេស ត្រីខ១០កំប៉ុង ទឹកស៊ី​អ៊ីវ​​២​​ដប ទឹកត្រីពីរដប ធុងទឹក១ ភួយ១ មុង១ សារុង១ ក្រមា១ ក្រណាត់ស១ដុំ និងថវិកា​៣ម៉ឺនរៀល។ ដោយ ឡែកចំពោះកងទ័ពចំណុះឱ្យវរៈសេនាតូច៣០២ ដែលមានវត្តមាន​​ក្នុងពិធីនេះ​​បាន​ទទួល​អាវរងា ម្នាក់១ដើម្បីមានភាពកក់ក្តៅសម្រាប់អាកាសធាតុកំពុងចុះត្រជាក់ខ្លាំងផងដែរ៕

Latest News

Social News

Statistics

You are visitor no. 365,057
since 18.10.2011