DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

22 January 2014

ពលរដ្ឋ១.០៩៧គ្រួសារ ក្នុងស្រុកជុំគិរី​ទទួល​ប័ណ្ណកម្មសិទ្ធិដីធ្លី

កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​មកពី​ភូមិខ្ពបរុន ភូមិកំណប់ ឃុំស្រែចែង និងភូមិខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ចំនួន១.០៩៧គ្រួសារ បានទទួលប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ដែល​ប្រគល់​ជូនដោយ​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត ដើម្បីកាន់កាប់​ជាប្រយោជន៍​សម្រាប់​រយៈពេល យូរអង្វែង។ ពិធីនេះស្ថិត​ក្រោមការ​អញ្ជើញជា​គណៈអធិបតី​ពីសំណាក់ ឯកឧត្តម ​ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងលោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រ​មណ្ដល​ខេត្តកំពត។

លោកខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកជុំគិរី បានរាយការណ៍​ឱ្យដឹងថា​ថ្ងៃនេះ​​ប្រជាពលរដ្ឋមក ពីភូមិខ្ពបរុន ភូមិកំណប់ ឃុំស្រែចែង និងភូមិខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ចំនួន១.០៩៧គ្រួ សារមានភ័ព្ធ​សំណាង​បានទទួលប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន២.០៩៨សន្លឹក ពីរាជរដ្ឋាភិបាល ដែល​ប្រគល់​​​​​ជូន​ដោយឯកឧត្តម ខូយ ឃុនហ៊ួរ ប្រធានគណៈកម្មាធិកា​រគ្រប់គ្រង​ដីរដ្ឋ​ថ្នាក់ខេត្ត និង​ជា​អភិបាល​ខេត្តកំពត ដើម្បីគ្រប់គ្រង​លើផ្ទៃ​ដីទំហំ​២.៣៣៣,៧៩៩៨​ហិកតា។ លោកអភិបាល​ស្រុក​បញ្ជាក់ថា កន្លងមកស្រុកជុំគិរី បានទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីពី​​រាជរដ្ឋាភិបាល​កម្ពុជា​​ចំនួន​៩លើក​រួច​មក​ហើយ ក្នុងនោះមាន៤.៣៩៦គ្រួសារ ស្មើនឹង៦.៨៥០ប័ណ្ណ ដែលមាន​ទំហំ​៥.១៩៧,៤១២១​ហិកតា។ ដោយឡែក ថ្ងៃនេះ​ជាលើកចុង​ក្រោយ​ដែលប្រជាពលរដ្ឋស្រុកជុំគិរី​បានទទួល​ប័ណ្ណកម្ម​សិទ្ធិ ពោលគឺដីដែលបាន វាស់វែងរួចរាល់ត្រូវបានចែកប័ណ្ណបញ្ចប់នាពេលនេះតែម្តង។

          សំណេះសំណាល និងផ្តាំផ្ញើក្នុងឱកាសនេះ​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងជាប្រ ធានគណៈកម្មាធិការគ្រប់គ្រង​ដីរដ្ឋខេត្ត​កំពត​បានមានប្រសាសន៍​ថា​ក្រោយ​ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរួម កម្លាំង​​គ្នាធ្វើការបង្កបង្កើន​ផល​នៅលើដីធ្លី​ដើម្បី​ចែកគ្នា​រស់ទៅតាមលទ្ធភាព និងទីកន្លែង​ជាក់ស្តែងតាម ដែលអាច​ធ្វើបានដោយ​ទឹកដីនៃ​ប្រទេស​កម្ពុជា​នា​ពេលនោះ​ពោរពេញ​ដោយ​គ្រាប់មីន និងគ្រាប់រំសេវ មិនទាន់ផ្ទុះ។ ក្នុងទសវត្សឆ្នាំ១៩៨០យើងបានប្រឹងប្រែង​ពង្រឹង​កម្មសិទ្ធិដីធ្លី​ដោយចេញ​លិខិតស្នាមរដ្ឋបាល និងប័ណ្ណភោគៈ​ជូនប្រជាពលរដ្ឋ។  ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពិតជា ធ្វើឱ្យដីធ្លីក្លាយជាទ្រព្យដ៏មាន​តម្លៃដើម្បី​ប្រើប្រាស់​​​​សម្រាប់​ការ​ទទួល​បាន​ទុនយក​​មកអភិវឌ្ឍន៍​ដីធ្លី និង ផលប្រយោជន៍​ខាងផ្លូវច្បាប់​ផ្សេងៗ​ទៀត។ ដូច្នេះ បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិនេះ ​សូមបងប្អូន យកទៅថែរក្សាឱ្យគង់វង្ស និង​ប្រើប្រាស់​មានប្រយោជន៍​សម្រាប់​អនាគត​កូនចៅ​យូរអង្វែង ព្រមទាំង បញ្ចៀស​បាននូវ​ទំនាស់​ផ្សេងៗ៕

Latest News

Social News

Statistics

You are visitor no. 308490
since 19.10.2011