DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

16 មករា 2014

សន្និបាតសាខាកាកបាទក្រហម ខេត្តកំពតអាណត្តិទី៤

     កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលា​ខេត្តកំពត មានប្រារព្ធសន្និបាត អាណត្តិទិ៤​នៃសាខា​កាកបាទក្រហម ក្រោមការ​អញ្ជើញចូលរួម​ជាគណៈអធិបតី​ពីសំណាក់​ឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម​​ប្រធាន​គណៈកម្មាធិការ​សាខាកាក​​បាទ​ក្រហម​ខេត្តកំពត ព្រមទាំង តំណាង​អគ្គលេខា​ធិការដ្ឋាន​កាកបាទ​ក្រហមកម្ពុជា ដែលមាន​សមាជិស ​មាជិកា​​​​​ចូលរួម​​​ជាង​២០០នាក់។  បន្ទាប់ពី​ស្តាប់​របាយការណ៍​របស់ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធាន​សាខា​​​កាកបាទ​​​ក្រហម​កម្ពុជា​ខេត្ត ស្តីអំពី​សកម្មភាព​ការងារ និង​សុន្ទរកថា​បើក​អង្គសន្និបាត​របស់​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត រួចមក អង្គសន្និបាត​​បានដំណើរ​ការងារ​​របស់​ខ្លួន​ដោយ​ប្រកាស​រំសាយ​ប្រធាន អនុប្រធាន និងសមាជិក សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តអាណត្តិ​ទី៣ និង​បោះឆ្នោត​​ជ្រើសរើស​ឡើងវិញ​នូវប្រធាន អនុប្រធាន សមាជិក​ចំនួន​១៥រូប ក្នុងនោះបម្រុង២រូប សម្រាប់ដំណើរការ​ក្នុង​គណៈកម្មាធិការ​សាខាកាក​បាទក្រហម កម្ពុជាខេត្តកំពតអាណត្តិទី៤។ បន្ទាប់​ពី​បោះឆ្នោត​បញ្ចប់​ដោយ​ជោគជ័យ គណៈកម្មាធិការបានបើកប្រជុំ លើកដំបូង​ជាបន្ទាន់​ធ្វើការ​ជ្រើស​រើស​​ប្រធាន អនុប្រធាន ហិរញ្ញិក និងលេខាធិកាគណៈកម្មាធិការសាខា កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត។ ជាលទ្ធផល​ត្រូវបាន​ជ្រើសរើស ឯកឧត្តម អ៊ឹង ម៉េងហួរ ជាប្រធាន, លោកយិន ប៊ុនអាន ជាអនុប្រធាន, លោកចាន់ ចេស្តា ជាហិរញ្ញិក និងលោកកែវ សុផាន់ ជាលេខាធិការ។

ជាមួយគ្នានេះផងដែរ លោកវេជ្ជបណ្ឌិត សុខ ឡុង  តំណាង​អគ្គលេខាធិការដ្ឋាន​កាកបាទ​ក្រហម​កម្ពុជា បានអាន​សេចក្តីសម្រេច​តែងតាំង​គណៈកិត្តិយស​សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពត អាណត្តិទី៤ ចំនួន១៣រូប ដែលក្នុងនោះឯកឧត្តម ខូយ ឃុនហ៊ួរ ជាប្រធាន។

          បន្ទាប់ពីត្រូវបានជ្រើសរើសជាប្រធានសាខាកាកបាទ​ក្រហម​កម្ពុជាខេត្ត ឯកឧត្តម អ៊ឹង ម៉េងហ៊ួរ បានមានប្រសាសន៍ និងប្តេជ្ញាថា​យើងទាំងអស់គ្នា​មានមោទនភាព​ណាស់​ព្រោះ​ក្នុងមួយ​អាណត្តិកន្លង មកនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយជោគជ័យលើវិ ស័យស្នូលទាំង៤ ជាអាទិ៍ - ការងារគ្រប់គ្រងគ្រោះមហន្តរាយ, - ការងារ​សុខភាព និងការថែទាំសុខភាពសហ គមន៍, - ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្ស, - ការអភិវឌ្ឍន៍ស្ថាប័ន និងការអភិវឌ្ឍន៍ធនធាន។ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ បង្ក​លក្ខណៈ សម្បត្តិល្អប្រសើរ និងលទ្ធភាព​គ្រប់បែប​យ៉ាងដល់​សកម្មភាព​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តកំពត។

ផ្តាំផ្ញើក្នុងឱកាសបិទអង្គសន្និបាតនេះ ឯកឧត្តម ខូយ  ឃុនហ៊ួរ​អភិបាលខេត្តកំពត​បានមាន​ប្រសាសន​ថា ក្នុងនាមគណៈកិត្តិយសសាខា​ខ្ញុំសូមសម្តែងការគាំទ្រពេញទំហឹង​ចំពោះ​សមាសភាព​សមាជិក សមាជិកា គណៈកម្មាធិការទើបជាប់ឆ្នោត និងគាំទ្រទិសដៅការងារ៤ឆ្នាំបន្ត ដែល​អង្គ​សន្និ​​បាត​បានអនុម័ត ហើយជឿជាក់ថា​អស់លោកពិតជា​នឹងលើកកម្ពស់ស្មារតី​ទទួលខុសត្រូវ​ចំពោះមុខ​គណៈកម្មាធិការ​កណ្តាល ព្រមទាំង​អនុវត្តយុទ្ធសាស្ត្រ​នៃសមាគមជាតិ​ដោយ​ប្រកាន់​ខ្ជាប់នូវ​គោលការណ៍គ្រឹះទាំង៧ និងវិស័យស្នូលទាំង៤៕

Latest News

Social News

Statistics

You are visitor no. 316,403
since 18.10.2011