DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

28 ធ្នូ 2013

ប្រកាសផ្ទេរតំណែង​ប្រធាន​សាខាពន្ធដារ​​ខេត្តកំពត

     កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំ​សាលា​ខេត្តកំពត មានរៀប​ចំពិធី​ប្រកាស​ផ្ទេរតំណែងប្រធានសាខាកំពត ដែលមាន​ការអញ្ជើញ​ចូលរួមជា​គណៈអធិបតី​ដោយ​ឯកឧត្តម យស់ ស៊ីម៉ា​រ៉ា​ត អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត កំពត ក្រោមការចូលរួម​ពីសំណាក់ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ​ទូទាំង​ខេត្ត​ជាច្រើនកុះករ។

ពិធីនេះបាន​​​តែងតាំង​​​លោក អ៊ូច គឹមស៊ាន​ ជាប្រធានសាខាពន្ធដារខេត្តកំពត ជំនួសលោក ជា ពិសិដ្ឋ ដែល​ត្រូវ​ទៅ​កាន់តួនាទី និងបំពេញភារកិច្ចនៅខេត្តផ្សេង។​បន្ទាប់ពីបានទទួលបានការតែងតាំងជាប្រធានសាខាពន្ធដារខេត្តកំពត លោកអ៊ូច គឹមស៊ាន បានប្ដេជ្ញា​ចិត្តនៅចំពោះមុខអ្នកចូលរួមថាលោកនឹង​ខិតខំ​អនុវត្ត​ភារកិច្ច​តាម​​តួនាទី ​​​ព្រមទាំង​សហការ​ យ៉ាង​ជិតស្និទ្ធ​ជាមួយមន្ទីរ អង្គភាព​ សហគ្រាស ក្រុមហ៊ុននានា និងបង្កើន​សាមគ្គី​ផ្ទៃក្នុង​ឱ្យកាន់តែល្អ ពិសេសអនុវត្តតាមទិសដៅរបស់​អាជ្ញាធរ​ខេត្ត​ ក៏ដូចជាគោលការណ៍​ក្រសួង​ដើម្បី​បំពេញ​​កិច្ចការងារ ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។លោកប្រធានសាខាក៏បានតាំងចិត្តយ៉ាងមុតមាំក្នុងការដឹកនាំមន្ត្រី ក្រោមឱវាទ​ឱ្យមានភាព​ល្អប្រសើរ​ដើម្បីអនុវត្ត​កិច្ចការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​បាន​លើស​ផែនការ ។

ឯកឧត្តម យស់ ស៊ីម៉ារ៉ាត អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតបាន​ផ្តាំផ្ញើក្នុងពិធីនេះថា ក្រៅពីការបន្តអនុវត្តន៍នូវបទពិសោធន៍ពីអ្នកដឹកនាំមុន ប្រធានថ្មីចាំបាច់ត្រូវរិះរកបទពិសោធន៍​​ល្អៗ ទុកជូន​អង្គភាព​​ និងជាគំរូសម្រាប់មន្ត្រីរបស់ខ្លួន ពិសេស ត្រូវពុះពាររាល់ឧបសគ្គដែលនៅសេសសល់នាពេលកន្លងមកធ្វើឱ្យបានសម្រេចសម្រាប់មុខមាត់ ក្នុងអង្គភាពសាខាពន្ធដារទាំងមូល។ ឯកឧត្តម ទាំងពីរបញ្ជាក់ជូនក្នុងអង្គពិធីផងដែរថាការផ្ទេរភារកិច្ច​នាពេលនេះមិនមែនមានន័យថាប្រធានចាស់ លោកជា ពិសិដ្ឋ មានកំហុសនោះទេ ផ្ទុយទៅវិញជា​ ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​ន៍​ការងារ​ និង​កិច្ចដឹកនាំក្នុងការបម្រើអង្គភាពឱ្យរឹតតែ​ប្រសើរ​ឡើង។ ចំណែក លោក ជា ពិសិដ្ឋ ដែលបន្សល់ទុកស្នាដៃល្អៗក្នុងខេត្តកំពត ត្រូវប្តូរទៅកាន់ខេត្តមួយទៀតដោយនាំ យកបទពិសោធន៍ធ្លាប់មានកន្លងមកបន្តអនុវត្តក្នុងភារកិច្ចផ្នែកការប្រមូលពន្ធជូនរដ្ឋនេះ៕

Latest News

Social News

Statistics

You are visitor no. 357,452
since 18.10.2011