DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

18 មេសា 2013

សម្ពោធដាក់ឱ្យប្រើប្រាស់អគារ​រដ្ឋបាលសាលាខេត្តថ្មី ព្រមទាំងសមិទ្ធផលនានា​ដែលកើតមានក្នុងខេត្តកំពត

     កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា​បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់នូវអគារ រដ្ឋបាលសាលាខេត្តថ្មី ព្រមទាំង​សមិទ្ធផល​នានា​ដែល​កើត​មានឡើង​ក្នុងទឹកដី​នៃខេត្តកំពត សម្រាប់រយៈ ពេលចុងក្រោយនេះ។ ពិធី​ពោរពេញ​ដោយកិត្តិយស​នេះប្រព្រឹត្ត​ឡើង​ក្នុងបរិវេណសាលាខេត្តថ្មី ដែលមាន ការចូលរួមពី​​សំណាក់មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ​ប្រមាណ៥.០០០នាក់។

          តាមរបាយការណ៍របស់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាល​ខេត្តកំពត បញ្ជាក់ឱ្យ ដឹងថា សមិទ្ធផលនានាដែលកើតឡើង ហើយ​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ប្រកបដោយកិត្តិ យសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា នាឱ កាសនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត ខឿនបេតុង​ច្រាំង​ព្រែក​ផ្នែកខាងជើង​ស្ពានឥន្ទធនូ សួនច្បារ ចំនួន៥កន្លែង ផ្លូវចាក់ក្រាលកៅស៊ូប្រភេទបេទីមីណឺ ចំនួន ៧ខ្សែ និងផ្លូវកៅស៊ូប្រភេទ DBST ចំនួន២ខ្សែ។ របាយណ៍ឱ្យដឹងផងដែរថា សមិទ្ធផល​ទាំងនេះ​ជាការចំណាយថវិកា​របស់រដ្ឋបាលខេត្ត និងទុនវិនិយោគពី ក្រុមហ៊ុន កំពត ផត ក្នុងទំហំ​ទឹកប្រាក់​១.៨៩៧.៥៦២,២៦ ដុល្លារ និង១៣.៧៣០.៦៧០.៧២៥ រៀល។  ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា សមិទ្ធផលដែលជាគន្លឹះ​នៃការអភិវឌ្ឍសង្គមជាតិទាំងនេះ កើតឡើង បានអាស្រ័យ​ដោយ​ក្នុងខេត្តទាំងមូលមាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អជាមួយ​នឹងឱកាស​​ដ៏ប្រពៃសម្រាប់ការ ប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ។ ឯកឧត្តម ខូយ ឃុនហ៊ួរ បន្តថា កំពត​ ជា​ខេត្ត​មួយ​​ដែល​​អំណោយ​ផល​ល្អ​​ពីធម្មជាតិ​សម្រាប់​ការ​អភិវឌ្ឍវិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​​។  រយៈពេល ​៤អាណត្តិ​កន្លងទៅនេះ ខេត្តកំពត​​ទទួលបាន​សមិទ្ធផល​​ស​ង្គ​ម​ជាច្រើន​។ អ្វីដែល​សំខាន់​គឺ​ គិតមកដល់ឆ្នាំ​២០១២ នេះ​អត្រា​នៃ​ភាពក្រីក្រ​​របស់​​ប្រជា​ពល​ល​​រដ្ឋ​ក្នុង​ខេត្តកំពត មានការ​ថយចុះ​​នៅ​ត្រឹម ១៦ ភាគរយ​ប៉ុណ្ណោះ ដែលបង្ហាញ​ឱ្យឃើញ​នូវលទ្ធផល​វិជ្ជមាន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព។

          ដោយឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបកន្លងផុត សំណេះ​សំណាល​ទៅ​កាន់អង្គពិធីទាំងមូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន មានប្រសាសន៍ថា ភាពសប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីអាស្រ័យ​លើកត្តា៣ ជាសំខាន់ គឺ សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជន។ សន្តិភាព​ជាកត្តាចម្បង បើគ្មានសន្តិភាពទេនោះ ក៏មិនអាចសប្បាយ​រីករាយ​បានឡើយ។ ត្រង់ចំណុចនេះ សម្តេច បានបញ្ជាក់ថា តាំងពីរដ្ឋប្រហារ ១៨មីនា ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ ប្រជាពល​រដ្ឋមិនដែលបាន​សប្បាយ​រីករាយ​ពេញលេញទេ។ ថ្វីត្បិតតែនៅឆ្នាំ ១៩៧៩ ប្រទេស​ជាតិ​ត្រូវ​បានរំដោះពិតមែន តែមិនសប្បាយរីករាយនោះឡើយ។ រហូតដល់អំឡុងពេល សមាហរណកម្ម រវាងកម្លាំងខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល ទើបមានសន្តិភាពពេញលេញ ហើយប្រជាពលរដ្ឋ​បានចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​យ៉ាងសប្បាយ​រីករាយផងដែរ។ ក្រោយពីរដ្ឋប្រហារ ១៩៧០ អ្នកខ្លះសប្បាយ អ្នកខ្លះទៀតភ័យព្រួយ។ សម្តេច បន្តថា រហូតដល់ថ្ងៃទី១៧ មេសា ១៩៧៥ ប្រជាពលរដ្ឋ នាំគ្នាសប្បាយដោយគិតថា «បានរំដោះ»  ប៉ុន្តែអ្នក​ភ្នំពេញ​ជួបនូវកង្វល់​ព្រោះ​ត្រូវ​ជម្លៀសចេញពីភ្នំពេញ។ ចំណែកក្នុងសម័យប៉ុល ពត វិញ ថ្ងៃណាក៏ថ្ងៃបុណ្យដែរ តែបុណ្យ​នោះគឺ​តាមប្រឡាយទឹក តាមវាលស្រែ។ ដូច្នេះកត្តាសន្តិភាព​ជារឿង​សំខាន់​ណាស់​សម្រាប់​ភាពសប្បាយ​រីករាយនៅពេលបុណ្យចូលឆ្នាំថ្មី។ ជុំវិញពិ ធីចូលឆ្នាំថ្មីដដែលនេះ សម្តេច បានថ្លែង​កោត​សរសើរ​ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅ តាមបណ្តោយព្រំដែនកម្ពុជា ថៃ ដែលបាន​រួម​លេងសប្បាយរីករាយជាមួយគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈដែល​ប្រទេសជិត​ខាងទាំង​២​កំពុង​ស្ថិតនៅ​ឯតុលាការក្រុងឡាអេនោះ។ សម្តេច បញ្ជាក់យ៉ាងធ្ងន់ថា «កុំធ្វើឱ្យរឿងតូចតាច​ប៉ះ​ពាល់​​ដល់ចំណងទ្វេភាគីរវាងប្រទេសទាំង២ ប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង២»។

          ពាក់ព័ន្ធនឹងការងារផលិតអំបិលវិញ សម្តេច មានប្រសាសន៍ថា បើទោះ​ជាឆ្នាំ​នេះការ​ផលិត​អំបិល របស់ខេត្តកំពត មិនគ្រប់ផែនការយ៉ាងណាក្តី ក៏ការផ្គត់ផ្គង់​អំបិលនៅ​ក្នុងប្រទេស​មិនខ្វះដែរ ដោយសារតែ កាលពីឆ្នាំមុនអំបិលនៅសល់ច្រើន។ កាលពីឆ្នាំ​កន្លង​ទៅខេត្ត​នេះផលិត​អំបិល​បាន​១៣ម៉ឺនតោន។ សម្តេច ថ្លែងអំពាវនាវឱ្យអ្នកផលិត​អំបិលកុំធ្វើការឡើងថ្លៃ។ សម្តេច បានថ្លែង​យ៉ាងដូច្នេះថា«សូមអ្នកលក់កុំតម្លើង ថ្លៃអំបិល ឆ្នំាទៅនៅសល់ក្នុងស្តុកច្រើនណាស់ បន្ថែម​ដល់​ឆ្នាំ​នេះទៀត ដូច្នេះរឿងទីផ្សារអំបិលអត់មានអី ឡើងថ្លៃទេ»។

          ជុំវិញសមិទ្ធផលដែលនឹងត្រូវសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នេះវិញ​សម្តេចអគ្គ​មហា​សេនាបតី តេជោ ហ៊ុន សែន  បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ ចូលរួមថែរក្សា​ឱ្យបាន ខ្ជាប់ខ្ជួនក្នុងនាមសម្បត្តិរួម និងជាផលប្រយោជន៍​យូរអង្វែង ពីព្រោះ​សមិទ្ធផល​ដែលកើតឡើងនៅចំពោះ មុខនេះ បានមកពីការ​ខិតខំប្រឹងប្រែងទាំងអស់គ្នា។

ក្នុងពិធីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបំពាក់​គ្រឿង​ឥស្សរិយយស​ជូនដល់ អ្នកមានស្នាដៃការងារចំនួន១០រូប រួមមាន ថ្នាក់ជា​តូបការមួយរូបគឺ ឯកឧត្តម ឧកញ៉ា វិញ ហ៊ួរ នាយកក្រុម ហ៊ុន កំពត ផត។ ដោយឡែកចំនួន៧រូប ទទួលបានថ្នាក់មហាសិរីវឌ្ឍន៍ រួមមាន ១. ឯកឧត្តម ឃឹម សាម៉ន  ២. ឯកឧត្តម អ៊ឹង ម៉េងហួរ, ៣. ឯកឧត្តម សូត យា, ៤. លោកជំទាវ កង សៅរ៍ធន, ៥. ឯកឧត្តម ហេង វន្ថា , ៦. ឯកឧត្តម ជឹង ផល្លា និង ៧. លោក ស៊ុក សារ៉ាដ។ ចំណែក ឯកឧត្តម ជួង ស៊ីវវុទ្ធ និង លោក ឡាយ សារឿន ទទួលបានថ្នាក់មហាសេនា។ សម្តេចក៏បាន​ប្រគល់​ជូនដល់យាយ​ជីតា​ជីចំនួន ២០០នាក់ ក្នុងម្នាក់ៗក្រណាត់ ស១ដុំ និងថវិកា​១ម៉ឺនរៀល។ ចំណែកមន្ទីរពេទ្យបង្អែកខេត្ត ទទួលបាននូវថវិកា ចំនួន ២ លានរៀល។

បន្ទាប់ពីកាត់ខ្សែបូណ៌ ប្រកាសឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផ្សេងៗទៀត សម្តេចតេជោ បានអញ្ជើញទស្សនាពិព័ណ៌សកម្មភាពសាងសង់ និងបន្ទប់​ការងារក្​នុងអគាររដ្ឋបាល​សាលា​ខេត្ត​ទាំងមូល មុននឹងធ្វើដំណើរនិវត្តន៍ទៅវិញប្រកបដោយសុវត្ថិភាពនោះ៕

Latest News

Social News

Statistics

You are visitor no. 334,132
since 18.10.2011