DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

01 មេសា 2013

ផ្សព្វផ្សាយច្បាប់ស្តីពី​​ការប្រឆាំងអំពើពុករលួយ

     នៅសាលប្រជុំរបស់សាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ មានបើកអង្គ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងចំណេះដឹងទាក់ទិននឹងការប្រឆាំងអំពើពុករលួយ ដើម្បីឱ្យមន្ត្រី​សាធារណៈតាមច្រកទ្វារ​បំពេញ​​មុខងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ បង្កើន​ការ​ផ្តល់​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋ ធុរជន នូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព​ក្នុង​គោល​ដៅ​កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី២​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

          ឯកឧត្តម ជឹង ផល្លា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ថ្លែងសុន្ទរកថា​បើកអង្គពិធី​មានខ្លឹមសារថាជាទូទៅ ខេត្តកំពតមានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់​ធ្នាប់​សាធារណៈ ល្អប្រសើរ ប្រជាពលរដ្ឋរស់នៅក្នុងក្តីសុខសាន្ត ភ្ញៀវទេសចរជាតិ អន្តរជាតិ មក​កម្សាន្ត​មានការកើន  ឡើងគួរឱ្យកត់សម្គាល់។ ទាំងនេះ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ពីសំណាក់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តម បន្តថា រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ដែលមាន​សម្តេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រមុខដឹក នាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ បានដាក់ចេញ​នូវយុទ្ធ​សាស្ត្រ​ចតុកោណដំណាក់កាលទី២ ដោយផ្តោតការយកចិត្ត​ទុកដាក់​លើការ​​កែ​ទម្រង់​​ជាអាទិភាព​នូវបណ្តាវិស័យសំខាន់ៗ៤រួមមានៈ ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ,​កំណែទម្រង់ច្បាប់ ប្រព័ន្ធ​យុត្តិធម៌, កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។ ក្នុងបរិបទ​កំណែ​ទម្រង់ទាំង៤នេះ ការប្រឆាំងអំពើពុករលួយគឺ ជាភាពមួយ ដែលមិនអាចខ្វះបាន នូវគ្រប់​ដំណើរ​ការ​នៃរចនាសម្ព័ន្ធរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដែល ស្របទៅ​នឹងប្រសាសន៍​ដ៏ថ្លៃថ្លា​របស់​សម្តេចអគ្គមហា​​សេនាបតីតេជោហ៊ុន សែន បញ្ជាក់ថា«បើសិន និយាយ​អំពី​អំណាច​បំផ្លាញ​នៃអំពើពុករលួយ យើងទាំងអស់គ្នាសុទ្ធ​តែបាន​ដឹង​ច្បាស់ថា ទាំងតូច ទាំងមធ្យម ទាំងធំ អំពើពុករលួយសុទ្ធតែបង្កើត​នូវ​បច្ច័យ​អាក្រក់​ចំពោះ​សង្គមជាតិ​ជានិច្ច»។ អំពើពុករលួយ ធ្វើឱ្យបាត់ប្រសិទ្ធភាពក្នុងផលិតកម្មក៏ដូចជាក្នុងការអនុវត្តន៍ច្បាប់ ដោយមិនប្រកាន់​យក​នូវ​គុណធម៌ ក្នុងការងារដឹកនាំ និងការប្រព្រឹត្ត​របស់​ខ្លួនរបស់​បុគ្គល​មួយចំនួន មានជាអាទិ៍ មន្ត្រីរាជការ​ដែលបាត់ បង់សម្បជញ្ញៈវិជ្ជាជីវៈ បាន​អនុវត្ត​ការងារ​ផ្ទុយ​ពីកាតព្វកិច្ច​ខ្លួន ជាហេតុនាំ​ឱ្យទំនាក់ទំនង​សាធារៈប្រែ ក្លាយទៅជាទំនាក់ទំនង​បុគ្គល​នឹងបុគ្គល សំដៅបម្រើឱ្យ​ផល​ប្រយោជន៍​បុគ្គល ដោយបោះបង់ចោល នូវផល​ប្រយោជន៍សាធារណៈដែលមន្ត្រីគ្រប់រូបមានកាតព្វកិច្ចបម្រើរដ្ឋ និងបម្រើរាស្ត្រ។ ការប្រយុទ្ធ ប្រឆាំងអំពើពុករលួយជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវតែអនុវត្តដោយខានមិនាបាន។ ដើម្បីអនុវត្ត​នូវ​​ភារកិច្ច​នូវ​បានទាំងអស់​គ្នា​ត្រូវតែយល់​ដឹងឱ្យ​បានច្បាស់អំពី​ច្បាប់ស្តី​ពី​ការប្រឆាំង​អំពើ ពុករលួយ ច្បាប់ លិខិត​បទដ្ឋាន​ក្រោមច្បាប់​នានា​ពាក់ព័ន្ធ​នឹងតួនាទី​បេសកកម្ម​របស់អង្គភាព​ប្រឆាំង អំពើពុក​រលួយ​ជាដើម ដែលចំណេះ​ដឹង​ទាំងនោះ​នឹងត្រូវបាន​បញ្ជ្រាបក្នុង​អង្គសិក្ខាសាលា​ថ្ងៃនេះ។

          ចំណាប់អារម្មណ៍ក្នុងអង្គសិក្ខាសាលានេះ លោកស្រី ម៉ា សូយ៉ិនដា ប្រធាន​នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ របស់អង្គភាពប្រឆាំង​អំពើ​ពុករលួយ​មានប្រសាសន៍​ថាច្រកទ្វារ​ព្រំដែន​ត្រូវបាន​កំណត់​ជាទិសដៅ​នៃ​ការផ្សព្វផ្សាយ ពីព្រោះជាទីតាំងនៃការផ្តល់​សេវាផ្ទាល់ ដែល​អំពើ​ពុករលួយ​ងាយនឹងកើតមាន។ ការផ្សព្វផ្សាយនៅថ្ងៃនេះមានគោលបំណងផ្តល់នូវ​ចំណេះដឹង​ពាក់ព័ន្ធ​ទៅ​នឹងការប្រ ឆាំងអំពើពុករលួយ សំដៅ​ធ្វើយ៉ាងណា​ឱ្យមន្ត្រី​សាធារណៈ​តាម​ច្រកទ្វារ​បំពេញ​មុខងារ​របស់ខ្លួន ប្រ កបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព បង្កើន​ការផ្តល់សេវាសាធា រណៈជូនប្រជាពលរដ្ឋ ធុរជន ក្នុង​គោលដៅ​​កាត់បន្ថយភាព​ក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាលទី២របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​​​បញ្ជ្រាប​នូវ​ស្មារតី​សហការ ក្នុងការប្រឆាំងអំពើពុករលួយ និងគោរព​​​​​​​​តាមគោលការណ៍៣មិន របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ « មិនចង់ពុករលួយ មិនហ៊ានពុករលួយ និងមិនអាចពុក រលួយ »។ លោកស្រីបន្តថា ការប្រឆាំង​អំពើពុករលួយ ជាការងារមួយលំបាកស្មុគស្មាញ និងប្រឈម យ៉ាងខ្លាំង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយតែឯងមិនអាច​សម្រេច​បាន​ជោគជ័យ​ឡើយគឺទាមទារ ឱ្យមាន​ការចូលរួម​ពីគ្រប់​មជ្ឈ​ដ្ឋាន​ទាំងអស់ ដោយការចូលរួមនេះ អាចស្ថិតជាទម្រង់នៃការចូលរួម ផ្ទាល់តាមរយៈ​សេចក្តី​រាយការណ៍ ផ្តល់កិច្ចសហការ និងភស្តុតាង ពីអំពើពុករលួយ និងការចូលរួម មិនផ្ទាល់ តាមរយៈ​ការប្រកាន់​ភ្ជាប់​ពីផ្នត់គំនិតមិនប្រព្រឹត្តអំពើពុករលួយ បំពេញការងារប្រកបដោយ សីលធម៌វិជ្ជាជីវៈ និង​ជួយ​ផ្សព្វ​ផ្សាយ​បន្តនូវសារប្រឆាំងអំពើពុករលួយទៅដល់ក្រុមគ្រួសារ សហការី សង្គម និងសាធារណ​ជន​ទូទៅ៕

Latest News

Social News

Statistics

You are visitor no. 365,093
since 18.10.2011